ترجمة سورة الطور

الترجمة الخميرية
ترجمة معاني سورة الطور باللغة الخميرية من كتاب الترجمة الخميرية .
من تأليف: جمعية تطوير المجتمع الاسلامي الكمبودي .

អល់ឡោះស្បថនឹងភ្នំតួរ។
ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។
នៅលើស្បែកដែលលាតត្រដាង។
និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)។
និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)។
ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)។
ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។
គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។
នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។
និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)។
ដូចេ្នះ ការវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល ភូតកុហក។
គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។
នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។
-(មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)។
ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ?
ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។
ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។
(មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។
ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។
ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។
ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។
ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។
ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។
ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅ ក្នុងលោកិយ) នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។
ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។
ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។
ផ្ទុយទៅវិញ ‏ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។
ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។
ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង?
ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។
ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។
តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង ?
តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។
ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ)?
តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក.
ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស?
តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ ?
ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ?
ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។
ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។
ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។
គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។
ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។
ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)។
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)។
Icon